ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកចង្ក្រានសន្សំសំចៃថាមពលចែកជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ និងសម្លៀកបំពាក់ចែកជូនប្រជាការពារភូមិចំនួន១១៣កំប្លេ នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
លោកជំទាវប្រធាន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ប្រកបដោយក្តីនឹករលឹកជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង។
លោកកជំទាវប្រធាន បានលើកឡើងពីសភាពការណ៍ព្រំដែន និងថ្លែងអំណរគុណ ដឹងគុណយ៉ាងធំធេងចំពោះកងកម្លាំងគ្រប់ប្រភេទដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ។ លោកជំទាវបានគូសបញ្ជាក់ថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់ រាជរដ្ឋាភិបាល និងកងកម្លាំងកម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន ប្រកបដោយការទទួលខុសត្រូវខ្ពស់លើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។ ម្យ៉ាងទៀត ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងជួបជុំក្រុមគ្រួសារសប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បងប្អូនកងទ័ពនៅតែបន្តឈរជើងការពារជាតិ និងអធិបតេយ្យយ៉ាងស្វាហាប់ បង្ហាញពីគំរូវីរភាពដ៏ថ្លៃថ្លាដែលបានមកពីការលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រជាជនយើង។ ចំពោះស្ថានការណ៍នៃសង្គ្រាមមជ្ឈឹមបូព៌ាដែលនាំឱ្យមានវិបត្តិថាមពលប្រេងឥន្ទនៈសកល ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើការនាំចូល និងបញ្ជាទិញប្រេងនិងឧស្ម័នឥន្ទនៈមកកម្ពុជានាពេលបច្ចុប្បន្ននេះ លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការសន្សំសំចៃក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយការចំណាយថិវកា ដែលជាវិធានការទប់ទល់នឹងផលប៉ះពាល់នៃវិបត្តិកើតមាននេះសម្រាប់រយៈពេលយូរអង្វែង។
លោកជំទាវប្រធាន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ បន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ និងជឿជាក់លើរាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំចាត់ចែងការងារគ្រប់យ៉ាង ដើម្បីការពារសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិ ឱ្យបានគង់វង្សដោយសន្តិវិធីនៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិ និងស្មារតីពហុភាគីនិយម ជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានអ្នកណាមកបំបែក និងមកជាន់ពន្លិចបានឡើយ។
អំណោយដែលបានផ្តល់ជូនក្នុងឱកាសនោះ គឺបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន SIPCO រួមមានប្រជាពលរដ្ឋក្នុង១គ្រួសារ ទទួលបានចង្ក្រានសន្សំសំចៃថាមពលចំនួន១ និងការឧបត្ថម្ភរបស់ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ រួមមានសំម្លៀកបំពាក់ប្រជាការពារភូមិចំនួន១១៣កំប្លេ ព្រមទាំងឧបត្ថម្ភដល់សាលាឃុំក្រាំងលាវ ទឹកប្រាក់ចំនួន១លានរៀលផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន